របៀបសម្គាល់ហោរាក្លែងក្លាយ ឬនិកាយខុសឆ្គង
មានប្រទេសជាច្រើននៅលើពិភពលោក មិនថា អតីតកាល ឬបច្ចុប្បន្នកាលនេះទេ មានមនុស្សជាច្រើន បានអះអាងថាខ្លួនជាព្រះគ្រីស្ទចាប់ជាតិឬព្រះគ្រីស្ទដែលយោងកំណើតមក។តើការណ៍ទាំងអស់នេះវាត្រឹមត្រូវតាមបទគម្ពីរដែរឬទេ? ឬក៏នេះគ្រាន់តែជាព្រះគ្រីស្ទក្លែងក្លាយ ?តាមរយៈការសិក្សាព្រះបន្ទូលរបស់ព្រះ យើងនឹងរកឃើញនូវចម្លើយនៃសំណួរទាំងអស់នេះ។ នៅក្នុងព្រះគម្ពីរកិច្ចការ1:9:11 បានសម្តែងថា ៩ កាលទ្រង់បានមានព្រះបន្ទូលសេចក្តីទាំងនោះរួចជាស្រេច ហើយពួកសាវ័កកំពុងតែមើល នោះព្រះបានលើកទ្រង់ឡើងទៅ រួចមានពពកមកបំបាំងទ្រង់ ពីភ្នែកគេ។១០ កំពុងដែលគេងើយសំឡឹងមើលទៅលើមេឃ ក្នុងកាលដែលទ្រង់យាងទៅនោះឃើញមាន២នាក់ ស្លៀកពាក់ស ឈរនៅជិត និយាយថា ១១ ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ នៅក្នុងខគម្ពីរនេះបានសម្តែងថា ព្រះយេស៊ូវនឹងយាងមកកាន់ផែនដីម្តងទៀតនៅក្នុងសណ្ឋានជារូបកាយដ៏ល្អឥតខ្ចោះនៅក្នុងពពក។គ្មាននរណាម្នាក់ដែលអះអាងថាខ្លួនជាព្រះយេស៊ូវគ្រីស្ទ អាចយាងមកកាន់ផែនដីនៅក្នុងសណ្ឋានបែបនេះបានឡើយ។ នៅក្នុងព្រះគម្ពីរវិវរណៈ1:7 បានសម្តែងថា៧ មើល ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផងរួចគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះទ្រង់ អើ មែនហើយ អាម៉ែន។ ដូច្នេះ ព្រះគ្រីស្ទមិនត្រឹមតែយាងត្រឡប់មកផែនដីជាសណ្ឋានដ៏ល្អឥតខ្ចោះនៅក្នុងពពកតែប៉ុណ្ណោះទេ ទ្រង់ថែមទាំងឲ្យគ្រប់គ្នាបានឃើញទ្រង់ផងដែរ។ អស់អ្នកដែលអះអាងថាខ្លួនជាព្រះគ្រីស្ទ ក៏គ្មាននរណាម្នាក់យាងមកដូច សណ្ឋានដែលព្រះទ្រង់យាងមកដែរ។ព្រះយេស៊ូវក៏បានព្រមានផងដែរថា នឹងមាន ហោរាឬព្រះគ្រីស្ទក្លែងក្លាយ និងលេចខ្លួនឡើងនៅថ្ងៃអនាគត។ នៅក្នុងព្រះគម្ពីរម៉ាថាយ24:23-24 បានសម្តែងថា ២៣ គ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើល ព្រះគ្រីស្ទគង់នៅទីនេះ ឬនៅទីនោះនោះកុំឲ្យជឿគេឡើយ ២៤ ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនិងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន ។ យើងត្រូវចាំថា ពួកអ្នកដែលអះអាងថាខ្លួនជាព្រះគ្រីស្ទ គឺសុទ្ធតែជាព្រះគ្រីស្ទក្លែងក្លាយទាំងអស់ ហើយយើងក៏មិនត្រូវជឿនោះដែរ។ពួកព្រះគ្រីស្ទក្លែងក្លាយ អាចនឹងមានអំណាចក្នុងការសម្តែងការអស្ចារ្យ ដែលមើលទៅគឺដូចជាការអស្ចារ្យមកពីព្រះ តែសុំយើងកុំជឿឲ្យសោះ។ ការអស្ចារ្យដ៏ពិតគឺមកពីព្រះជាម្ចាស់ តែការអស្ចារ្យក្លែងក្លាយអាចចេញមកពីអំណាចអាគមងងឹត របស់អារក្សសាតាំងឬជាការឆ្ពិនភ្នែកតែប៉ុណ្ណោះ។ ការព្រមានមួយទៀត អំពីព្រះគ្រីស្ទក្លែងក្លាយ គឺមានចែងនៅព្រះគម្ពីរម៉ាថាយ 24:26-27 ២៦ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ ២៧ ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ ។ ជារឿយៗ ពួកអ្នកដែលដើរតាមព្រះគ្រីស្ទក្លែងក្លាយ ពួកគេតែងតែព្យាយាមបញ្ចុះបញ្ចូល មនុស្សឲ្យទៅនិងមើលថា គេនៅកន្លែងនេះឬកន្លែងនោះក៏ប៉ុន្តែនៅក្នុងព្រះគម្ពីរពុំបានសម្តែងយ៉ាងដូច្នេះឡើយ។ នៅពេលព្រះគ្រីស្ទយាងមកម្តងទៀតទ្រង់នឹងឲ្យគេគ្រប់គ្នាឃើញ ហើយទ្រង់នឹងឲ្យពួកគេដឹងថាទ្រង់គឺជានរណា។ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ ។ យើងត្រូវចាំថា គ្រូក្លែងក្លាយមួយចំនួន បើទោះបីជាពួកគេពុំបានអះអាងថាខ្លួនគេជាព្រះគ្រីស្ទក៏ដោយ តែពួកគេបានបង្រៀនអ្វីដែលប្រាសចាកពីព្រះគម្ពីរទាក់ទងទៅនឹងព្រះគ្រីស្ទនិងដំណឹងល្អ។ នៅក្នុងព្រះគម្ពីរកាឡាទី1:8 បានសម្តែងថា៨ ប៉ុន្តែ បើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ នឹងប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អ ដែលយើងខ្ញុំបានប្រាប់ហើយ នោះឲ្យគេត្រូវបណ្តាសាចុះ. ពួកព្រះគ្រីស្ទក្លែងក្លាយតែងតែបង្រៀនអំពីដំណឹងល្អដែលខុសពីដំណឹងល្អដ៏ពិតដែលបានចែងនៅក្នុងព្រះគម្ពីរបរិសុទ្ធ។ ជាឧទាហរណ៍ , នៅក្នុងព្រះគម្ពីរយ៉ូហាន 3:16 បានសម្តែងថា ១៦ ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ យើងត្រូវចាំថា ពួកព្រះគ្រីស្ទក្លែងក្លាយ ឬពួកបង្រៀនខុសឆ្គង គឺគេតែងតែបង្រៀនថា ដើម្បីទទួលការសង្គ្រោះបាន អ្នកជឿនោះត្រូវតែបំពេញកាតព្វកិច្ចអ្វីមួយ ឬបង់ថ្លៃ និងដោះដូរជាលុយកាក់ជាដើម ដែលការនេះគឺសុទ្ធតែប្រាសចាកពីបទគម្ពីរទាំងស្រុង ដ្បិតព្រះគម្ពីរបានសម្តែងថាការសង្គ្រោះគឺកើតពីសេចក្តីជំនឿដោយគ្មានការបង់ថ្លៃអ្វីទាំងអស់ វាជាអំណោយដោយឥតបង់ថ្លៃរបស់ព្រះចំពោះមនុស្ស។ ពួកព្រះគ្រីស្ទក្លែងក្លាយ ឬពួកបង្រៀនខុសឆ្គង គឺតែងតែបង្វែយើងឲ្យចេញឆ្ងាយពីសេចក្តីសង្គ្រោះពិតដែលបានចែងនៅក្នុងព្រះគម្ពីរ។ វាជាការដែលសំខាន់ណាស់ដែលយើងត្រូវសិក្សាព្រះបន្ទូលព្រះឲ្យបានម៉ត់ចត់និងច្បាស់លាស់ ប្រយោជន៍ដើម្បីកុំយើងជំពប់ដួលនឹងនិកាយខុសឆ្គង ជាពិសេសវាអាចជួយយើងឲ្យប្រាប់អ្នកដទៃបាន អំពីការសម្គាល់នូវអ្វីដែលជាសេចក្តីពិតនិងភាពក្លែងក្លាយនៃដំណឹងល្អ។
0 Comments
Leave a Reply. |
AuthorDarryl Record Archives
November 2021
Categories |